/Inter/5dba576a8dce0_1572493140_medium.jpg)
- ព្រហស្បតិ៍, 31 តុលា 2019 04:09
- ព័ត៌មាន
ឡូយបាត់! ក្រុមតូច (SWSB) ប៉ះជាមួយក្រុមចម្រៀងល្បីមួយមកពីចក្រភពអង់គ្លេស
- ព្រហស្បតិ៍, 31 តុលា 2019 04:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយបាត់! ក្រុមតូច (SWSB) ប៉ះជាមួយក្រុមចម្រៀងល្បីមួយមកពីចក្រភពអង់គ្លេស
ក្រុមតូច Small World Small Band ដែលជាក្រុមតន្ត្រីករសម័យបង្កើតឡើងដោយយុវជនខ្មែរ នឹងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកលើកទី៣០ ដែល ត្រូវសម្តែងជាមួយក្រុមតន្រ្តី ដ៏ល្បីល្បាញ និងមានអាយុកាលជិត ១០០ឆ្នាំ មកពីចក្រភពអង់គ្លេស ក្រុងLondon Chamber Orchestra។
កម្មវិធីនេះដែល ត្រូវបានរៀបចំដោយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលនឹងប្រព្រឹត្តទៅថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នៅសាលសន្និសីទចតុមុខ។
លោក រៀម សុភារម្យ ប្រធានក្រុមតូច Small World Small Band បានបង្ហាញឲ្យដឹងថា នេះគឺជា មោទកភាព និងកិត្ដិយសដ៏ឧដុង្គឧត្តម សម្រាប់ក្រុមតូច ហើយពួកលោក នឹងលើកឡើងបទចម្រៀង ដែលប្រគំភ្លេងដោយឧបករណ៍តន្រ្តីខ្មែរ រួមបញ្ចូលជាមួយឧបករណ៍ តន្រ្តីសម័យ ដែលមានលក្ខណៈពិសេសប្លែក ក្នុងការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នាពេលដ៏ខ្លី ខាងមុខនេះ។
ធ្វើបែបនេះ លោកថា ដើម្បីផ្ដល់ជូននូវការកម្សាន្តប្លែកអារម្មណ៍មួយ ក៏ដូចជាបម្រើដល់សកម្មភាពសប្បុរសធម៌ នៅក្នុងសង្គមកម្ពុជា ផងដែរ។
ដូច្នេះ នេះជាឱកាសដ៏ល្អ និងមោទកភាពជាតិមួយ ដែលក្រុមតន្រ្តីយុវជនរបស់ខ្មែរ អាចបង្ហាញវត្តមាន និងសមត្ថភាពសម្តែង ជាមួយនឹងក្រុមតន្រ្តីបរទេស។ គោលបំណងធំមួយរបស់ក្រុមតូច SWSB គឺចង់ធ្វើឱ្យចម្រៀងរបស់ពួកគេមានលក្ខណៈជាខ្មែរ ហើយ ក្រុមតូច SWSB តែងតែនិពន្ធទំនុកភ្លេង និងបទចំរៀង អមជាមួយនឹងការបង្កប់អត្ថន័យលើកទឹកចិត្តយ៉ាងជ្រាលជ្រៅ ដើម្បីឲ្យអ្នកដែលស្តាប់ចម្រៀង មានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងចិត្ត ហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ពេញចិត្ត។
ក្រុមតូច SWSB ជឿជាក់ថា ការនិពន្ធបទចំរៀង ដែលមានគុណភាព គឺមិនមែនសម្រាប់តែការកម្សាន្តតែមួយមុខនោះទេ ប៉ុន្តែគឺជាការចូលរួមបំផុសស្មារតី សាមគ្គីភាព និងការប្រាស្រ័យទាក់ទងគ្នាតាមរយៈតន្រ្តី។ ហេតុដូចនេះ នៅក្នុងការប្រគំតន្ត្រីសប្បុរសធម៌តូយ៉ូតា ក្លាស៊ិក ក្រុមតូច SWSB នឹងសម្តែងជូន នូវបទចម្រៀងដ៏មានអត្ថន័យ ចំនួន ២បទ ដើម្បីឆ្លុះបញ្ចាំង ពីប្រទេសកម្ពុជា គឺបទ “ឳ!ទង់ជាតិខ្មែរ” និងបទ “បានទេ” ដែលបង្ហាញពីការខិតខំប្រឹងប្រែងតស៊ូ យកមកបំពេអារម្មណ៍ និងបំផុសស្មារតីអ្នកទស្សនាក្នុងរាត្រីដ៏អស្ចារ្យ ខាងមុខនេះ។
មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមសម្តែងជាលើកដំបូងសម្រាប់ក្រុមតូច SWSB នៅក្នុងការប្រគំតន្រ្តីតូយ៉ូតាក្លាស៊ិក ដែលធ្វើឲ្យពួកគាត់បានក្លាយជាចំណែកមួយ ដើម្បីជួយក្នុងកិច្ចការសប្បុរសធម៌ ស្វែងរកថវិកាជួយទ្រទ្រង់ដល់ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងមជ្ឈមណ្ឌលព្យាបាលកុមារ Japan Heart ដែលផ្តល់សេវាព្យាបាល និងថែទាំឥតគិតថ្លៃ ក្នុងការជួយអាយុជីវិតកុមារកម្ពុជាជាច្រើនលាននាក់ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
កម្មវិធីនេះផងដែរ ក៏បានផ្សាភ្ជាប់ទៅនឹងគម្រោង“អ្នកអាចធ្វើបាន” ឬ “Start Your Impossible” របស់ក្រុមហ៊ុន តូយ៉ូតា ដែលវាហាក់ដូចជាត្រូវនឹងគោលដៅរបស់ក្រុមចម្រៀង SWSB ដើម្បីជម្រុញ និងលើកទឹកចិត្តឲ្យមនុស្សជាតិ ហ៊ានពុះពារ និងជម្នះរាល់ឧបសគ្គ ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។ ក្រុមចម្រៀង SWSB ជឿជាក់ថា ការធ្វើរឿងដែលយើងស្រឡាញ់ គឺពិតជាអស្ចារ្យ និងជាសេរីភាពមួយ ដែលពោរពេញដោយសុភមង្គល ជាទីបំផុត។
បញ្ជាក់ដែរថា ការប្រគំតន្ត្រី តូយ៉ូតា ក្លាស៊ិក នាឆ្នាំនេះ មានការចូលរួមសម្ដែង ពីបណ្ដាប្រទេសចំនួន ៦ ក្នុងតំបន់អាស៊ីដូចជា៖ ប្រទេសឡាវ ថៃ ប្រ៊ុយណេ ម៉ាឡេស៊ី កម្ពុជា ម៉ាឡេស៊ី និងប្រទេសវៀតណាម។
ចំពោះរាល់ថវិកា ដែលទទួលបានពីការលក់សំបុត្រ ក្នុងការប្រគំតន្ត្រីក្នុងឆ្នាំនេះ នឹងត្រូវបរិចា្ចគជូនមូលនិធិសប្បុរសធម៌ នៅក្នុងតំបន់។ ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីកែប្រែជីវិតមនុស្សជាតិ ឲ្យកាន់តែប្រសើរឡើង តាមរយៈតន្រ្តីសប្បុរសធម៌តូយ៉ូតា ក្លាស៊ិក៕
អត្ថបទ៖ ម៉េងងី